ក្លិបអារ៉ាប៊ីសាអូឌីត Al-Ahli នាំយកខ្សែការពារតួកគី Demiral មកពីក្លិបអ៊ីតាលី Atalanta
(រីយ៉ាដ)៖ ខ្សែការពារសញ្ជាតតួកគី Merih Demiral បានចូលរួមជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al-Ahli ផ្ទេរមកពីក្លិបអ៊ីតាលី Atalanta លើកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំ។ នេះបើតាមការប្រកាស ពីក្លិបលេងនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។
ក្លិបទាំងពីរ មិនបានបង្ហាញពីតម្លៃ នៃការផ្ទេរកីឡាករវ័យ ២៥ឆ្នាំនេះនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានចុះផ្សាយថា កិច្ចព្រមព្រៀងនេះ មានតម្លៃ២០លានអឺរ៉ូ (២១.៧៣លានដុល្លារ)។
Demiral ដែលបានចូលរួមជាមួយក្លិប Atalanta ដោយផ្លាស់មកពីក្លិប Juventus ក្នុងឆ្នាំ២០២២នោះ រកបានគ្រាប់បាល់ ១គ្រាប់ ក្នុង ២៨ប្រកួត ក្នុងការប្រកួតទាំងអស់ សម្រាប់ក្លិប Atalanta កាលពីរដូវកាលមុន។
Demiral ជាកីឡាករថ្មីចុងក្រោយ ដែលបានចូលរួមជាមួយក្លិប Al-Ahli បន្ទាប់ពីការទៅដល់របស់កីឡាករ Riyad Mahrez, Roberto Firmino, អ្នកចាំទី Edouard Mendy, Alain Saint-Maximin, Franck Kessie និងកីឡាករ Roger Ibanez។
សូមជម្រាបថា ក្លិប AI-Ahli ទើបតែឡើងទៅលេងនៅលីគ Pro league វិញ បន្ទាប់ពី១រដូវកាល លេងនៅលីគលំដាប់ទី២៕