កូរ៉េខាងជើង ថា ទាហានអាមេរិករត់ចូលប្រទេសខ្លួន ដោយសារការរើសអើងពូជសាសន៍ ក្នុងជួរកងទ័ព

ប្រទេសកូរ៉េខាងជើងបាននិយាយថា ទាហានអាមេរិក Travis King បានឆ្លងចូលទៅក្នុងទឹកដីរបស់ខ្លួនកាលពីខែមុន ដោយសារតែ "ការធ្វើបាប និងអមនុស្សធម៌ ហើយរើសអើងពូជសាសន៍" នៅក្នុងជួរកងទ័ព។
ទាហានអាយុ២៣ឆ្នាំ Travis King បានឆ្លងកាត់ព្រំដែនពីប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី១៨ ខែកក្កដា ខណៈកំពុងធ្វើដំណើរទស្សនកិច្ចមួយនៅតំបន់ព្រំដែន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា Travis King បានសារភាពថាបានឆ្លងកាត់ខុសច្បាប់ និងចង់ជ្រកកោននៅប្រទេសកូរ៉េខាងជើង។ នេះជាលើកទីមួយហើយដែលក្រុងព្យុងយ៉ាងបានទទួលស្គាល់ការឃុំខ្លួនទាហានអាមេរិក។
ក្តីបារម្ភបានកើនឡើងចំពោះសុខុមាលភាពរបស់ទាហានអាមេរិក ដែលមិនត្រូវបានគេឮ ឬបានឃើញចាប់តាំងពីរូបគេបានឆ្លងព្រំដែនចូលទៅកូរ៉េខាងជើង។ សហរដ្ឋអាមេរិកកំពុងព្យាយាមចរចាលើការដោះលែង Travis King ដោយមានជំនួយពីបញ្ជាការអង្គការសហប្រជាជាតិដែលគ្រប់គ្រងតំបន់ព្រំដែន ហើយមានលេខទូរស័ព្ទផ្ទាល់ទៅកាន់កងទ័ពកូរ៉េខាងជើង៕