Ant Group ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba ត្រូវធនាគារកណ្តាលរបស់ចិន ពិន័យ ៩៨៥ លានដុល្លារ

ធនាគារកណ្តាលរបស់ប្រទេសចិន បានធ្វើការពិន័យទៅលើក្រុមហ៊ុន Ant Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba នូវទឹកប្រាក់ប្រមាន ៧,១២ពាន់លានយ័ន ស្មើនឹង ៩៨៥លានដុល្លារអាមេរិក។
ធនាគារនៃប្រជាជនចិន The People’s Bank of China ដែលបានចេញការផាកពិន័យនេះ បាននិយាយថា ការពិន័យនេះគឺឆ្លើយតបទៅនឹងការបំពានច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ រួមទាំងជុំវិញការគ្រប់គ្រងសាជីវកម្ម ការការពារអ្នកប្រើប្រាស់ និងតម្រូវការប្រឆាំងនឹងការលាងលុយកខ្វក់។ ការផាកពិន័យនេះ គឺជាការពិន័យដ៏ធំបំផុតមួយប្រឆាំងនឹងក្រុមហ៊ុនអ៊ីនធឺណេតរបស់ចិន ហើយមើលទៅដើម្បីបញ្ចប់ការត្រួតពិនិត្យ និងការរៀបចំរចនាសម្ព័ន្ធឡើងវិញអស់រយៈពេលជាច្រើនឆ្នាំរបស់ក្រុមហ៊ុន Ant Group។
ការបង្រ្កាបយ៉ាងខ្លាំងក្លារយៈពេល ២ឆ្នាំ របស់ទីក្រុងប៉េកាំងលើវិស័យបច្ចេកវិទ្យាក្នុងស្រុករបស់ប្រទេសចិន ក្រុមហ៊ុន Ant Group ត្រូវបានបង្ខំឱ្យផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួន។ នេះរាប់បញ្ចូលទាំងការប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនកាន់កាប់ហិរញ្ញវត្ថុក្រោមការធានារបស់ ធនាគារនៃប្រជាជនចិន PBOC ។
និយ័តករចិនបានរឹតបន្តឹងច្បាប់លើវិស័យបច្ចេកវិទ្យាក្នុងស្រុក ដោយទីក្រុងប៉េកាំងបានដាក់ចេញនូវច្បាប់នៅក្នុងតំបន់ចាប់ពីការការពារទិន្នន័យ ជាពិសេស ក្រុមហ៊ុនធំៗ២របស់មហាសេដ្ឋី Jack Ma គឺ Alibaba និង Ant Group ត្រូវបានរងការពិន័យប្រាក់ជាច្រើនលានដុល្លារ ។ គួរឱ្យដឹងថា និយ័តករចិន បានធ្វើការផាកពិន័យទៅលើ ក្រុមហ៊ុន Alibaba ជាមួយនឹងទឹកប្រាក់ ចំនួន ២,៨ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២១កន្លងទៅ៕