ប្រតិភូចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រី នឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង

ថ្ងៃព្រហស្បតិ្ត ទី​៧ ខែកញ្ញា ឆ្នាំ២០២៣
Views: 543

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញានេះបានរាយការណ៍ថាប្រតិភូគណបក្សកម្មុយនិស្ដ និងរដ្ឋាភិបាល ចិនមួយក្រុមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក លីវ ហ្គូចុង (Liu Guozhong) នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ដើម្បីចូលរួមពិធីប្រារព្ធខួបនៃថ្ងៃ បង្កើតប្រទេសកូរ៉េខាងជើង នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាម KCNA ដំណើរទស្សនកិច្ចរបស់ប្រតិភូចិន ធ្វើឡើងតាមតបតាមការអញ្ជើញពីគណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករកូរ៉េ (WPK) និងរដ្ឋាភិបាលសាធារណរប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) ឬកូរ៉េខាងជើង។

គួរបញ្ជាក់ថា កូរ៉េខាងជើង នឹងត្រូវប្រារព្ធខួបនៃថ្ងៃបង្កើតប្រទេសរបស់ខ្លួន នៅថ្ងៃទី៩ ខែកញ្ញានេះ ដែលគេស្គាល់ជាទូទៅ «ទិវាបង្កើតសាធារណរដ្ឋ» ហើយក្នុងឆ្នាំ២០២៣ គឺជាខួបលើកទី៧៥ ចាប់តាំងពីឧបទ្វីបកូរ៉េត្រូវបានរំដោះចេញពីអាណានិគមរបស់ជប៉ុន។ សេចក្ដីរាយការណ៍របស់ KCNA កើត មានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមមន្ត្រីអាមេរិកបាននិយាយថាលោក គីម ជុងអ៊ុន អាចនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបលោក វ្ល៉ាឌីមៀ ពូទីន ដោយមានកិច្ចព្រមព្រៀងអាវុធជារបៀបវារៈសំខាន់។

មិនតែប៉ុណ្ណោះ កាសែតអាមេរិក New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ក៏បានឱ្យដឹងថាដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន អាចនឹងធ្វើឡើងនៅក្នុងខែកញ្ញានេះ ឬអាចនៅសប្ដាហ៍ក្រោយនេះតែម្ដង។ ប៉ុន្តែ ទាំងខាងវិមានក្រឹមឡាំង និងកូរ៉េខាងជើងមិនបានទទួលស្គាល់ សេចក្ដីរាយការណ៍នេះទេ៕


បណ្តាញសង្គម

ព័ត៌មានចុងក្រោយ

Get In Touch

Follow Us