រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី៖ ទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ង់ បានឈានដល់កម្រិតថ្មីមួយ
រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ សយហ្គូ (Sergei Shoigu) បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃពុធថា ទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ីរ៉ង់ បានឈានដល់កម្រិតថ្មីមួយ បើទោះបីជាមានការប្រឆាំងជាច្រើនពីលោកខាងលិចក្តី។
ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីលោកសយហ្គូ ដោយនិយាយថា៖«យើងកំពុងផ្តោតលើសកម្មភាព ដែលបានគ្រោងទុកទាំងមូល ទោះបីជាមានការប្រឆាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចក៏ដោយ។
«សម្ពាធទណ្ឌកម្មលើប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ បង្ហាញពីភាពឥតប្រយោជន៍របស់វានោះ ខណៈដែលទំនាក់ទំនង រុស្ស៊ី-អ៊ីរ៉ង់ កំពុងឈានដល់កម្រិតថ្មីមួយ»។
លោកសយហ្គូ បានជួបជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់ លោក អាលី អាកបា អាម៉ាឌៀន (Ali Akbar Ahmadian) កាលពីថ្ងៃពុធ ហើយពួកគេ បាននិយាយអំពីប្រធានបទជាច្រើន ជាពិសេសការវិវឌ្ឍ នៅក្នុងតំបន់កូកាស (Caucasus) នេះបើយោងតាមសារព័ត៌មាន Nour News របស់ប្រទេសអ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍ថា លោករដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ក៏បានទៅសួរសុខទុក្ខកងកម្លាំងអាកាសនៃកងឆ្មាំបដិវត្តន៍ឥស្លាម(IRGC)កាលពីថ្ងៃពុធ ជាកន្លែងដែលលោក បានជួបជាមួយប្រធានកងកម្លាំងអាកាសនៃកងឆ្មាំបដិវត្តន៍ លោក អាមីរ៉ាលី ហាជីហ្សាដេ ( Amirali Hajizadeh) ខណៈដែលយានដ្រូន មីស៊ីល និងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ត្រូវបានដាក់តាំងជូនលោកទស្សនានោះ៕