និស្សិតកម្ពុជាចូលរួមក្នុងកម្មវិធីស្តីពី« ពិធីបុណ្យប្រពៃណីវប្បធម៌អាស៊ីអាគ្នេយ៍ និងសប្តាហ៍ទំនាក់ទំនងទន្លេមេគង្គ-ឡាងឆាង» នៅសួនឧទ្យានធម្មជាតិណានសាក្រុងក្វាងចូវ
នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មន្ទីរកិច្ចការបរទេសខេត្តក្វាងទុង សហការជាមួយវិទ្យាស្ថានភាសា និងវប្បធម៌អាស៊ីនៃសាកលវិទ្យាល័យសិក្សាភាសាបរទេសខេត្តក្វាងទុង បានប្រារព្ធធ្វើឡើងនូវកម្មវិធីក្រោមប្រធានបទ« ពិធីបុណ្យប្រពៃណីវប្បធម៌អាស៊ីអាគ្នេយ៍ និងសប្តាហ៍ទំនាក់ទំនងទន្លេមេគង្គ-ឡាងឆាង» នៅសួនឧទ្យានធម្មជាតិណានសាក្រុងក្វាងចូវ។ ក្នុងកម្មវិធីនេះដែរក៏មានការចូលរួមពីសំណាក់តំណាងស្ថានអគ្គកុងស៊ុលនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ នៅទីតាំងប្រារព្ធកម្មវិធីនេះមានស្តង់ពិព័រណ៍មកពីជំនាញភាសាចំនួន៧ ក្នុងមានស្តង់ជំនាញភាសាខ្មែរ ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូននេស៊ី និងភូមា ដែលបានដាក់តាំងបង្ហាញពីសម្លៀកបំពាក់ ចំណីអាហារ និងល្បែងប្រជាប្រិយផ្សេងៗទៀតដែរ។ ក្នុងកម្មវិធីនេះលោកគាត ពិសិដ្ឋដែលជាគ្រូបង្រៀនភាសាខ្មែរជនជាតិខ្មែរបានដឹកនាំនិស្សិតជនជាតិចិនសិក្សាលើជំនាញភាសាខ្មែរធ្វើម្ហូបខ្មែរសម្រាប់ដាក់តាំងលក់ ការលេងល្បែងប្រជាប្រិយខ្មែរបោះអង្គញ់ ល្បែងតម្រៀបអក្សរខ្មែរ ហើយជាពិសេសជាងនេះទៅទៀតនោះអ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្មេងៗ និងប្រជាជនចិនក្នុងខេត្តក្វាងទុងដែលមកចូលរួមទស្សនានោះគឺការលេងអុកខ្មែរ (មានការចូលរួមប្រកួតរវាងអ្នកមកមើលពិព័រណ៍ជាមួយគ្រូសិស្សជំនាញភាសាខ្មែរ) និងការសម្តែងសិល្បៈខ្មែរ(ការដើរម៉ូដ និងការរាំរបាំខ្មែរ)។ ដោយសំលឹងមើលឃើញពីចំណាប់អារម្មណ៍ខ្លាំងលើវប្បធម៌ខ្មែរពីសំណាក់ប្រជាជនចិន នៅក្នុងខេត្តក្វាងទុង នាយកវិទ្យាស្ថានភាសា និងវប្បធម៌អាស៊ី លោកលីវ ជឺឈាំងបានបើកកិច្ចប្រជុំតូចមួយនៅកន្លែងទីតាំងពិព័រណ៍ផ្ទាល់ជាមួយលោកគាត ពិសិដ្ឋ និងប្រធានដេប៉ាតឺម៉ង់ជំនាញភាសាខ្មែរអ្នកស្រី ចូវ ហ៊ុយវិន ដើម្បីសិក្សា និងជំរុញបន្ថែមយ៉ាងណាដើម្បីបើកឱ្យបាននូវមជ្ឈមណ្ឌលស្រាវជ្រាវមិត្តភាពកម្ពុជាចិនប្រចាំនៅទីក្រុងក្វាងចូវក្នុងឆ្នាំនេះឱ្យបានដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជា ក៏ដូចជាសិក្សាស្រាវជ្រាវពីប្រទេសកម្ពុជាផងដែរ។