អន្តរក្រសួងប្តេជ្ញាចិត្តរួមដៃគ្នា សម្អាតទន្លេសាប ដើម្បីពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រកបដោយសុខមាលភាព

រាជធានីភ្នំពេញ៖ក្រសួងបរិស្ថាន រួមទាំងសមាជិការអន្តរក្រសួងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព (NCSD)បានប្តេជ្ញាចិត្តរួមគ្នាមួយក្នុងការសម្អាតទឹកទន្លេ គ្មានសំរាមផ្តល់នូវប្រភពទឹកស្អាតដល់ពលរដ្ឋរស់នៅតាមដងទន្លេសាបដើម្បីរួមគ្នាការពារអាយុជីវិត និងសុខមាលភាពរបស់ប្រជាជនកម្ពុជា។
ក្នុងកិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព(NCSD)នេះ បានផ្តោតសំខាន់ទៅលើភាពស្អាតនៅក្នុងទឹក។
គួរបញ្ជាក់ថាការប្តេជ្ញាចិត្តរួមគ្នានេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី២ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍដោយចីរភាព(NCSD)។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីធានាឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសុខភាពល្អ ចាកផុតការឆ្លងជំងឺដង្កាត់នានា ដែលបណ្តាលមកពីកង្វះអនាម័យ ទឹកស្អាត និងចំណីអាហារ ជាពិសេសគឺបរិស្ថានស្អាតជុំវិញខ្លួនតែម្តង។
ដើម្បី ឆ្លើយតបនឹងទស្សនវិស័យច្បាស់លាស់នេះហើយ ទើបក្រុមប្រឹក្សាជាតិ អភិវឌ្ឍដោយចីរភាព (NCSD) បានរៀបចំដាក់ចេញនូវទស្សនទាន (Concept Note) ដើម្បីសម្អាតផ្ទៃទឹកទន្លេសាបឱ្យមានភាពស្អាត ភាពបៃតង និងចីរភាព ដោយបានបែងចែកជា ៤ដំណាក់កាលធំៗ ក្នុងនោះរួមមាន៖
ទី១. កាត់បន្ថយការបំពុលពីសំណល់ប្លាស្ទិកហូរចូលទីក្នុងបឹងទន្លេសាប។
ទី២. កាត់បន្ថយពពួករុក្ខជាតិទឹកដែលរាតត្បាតក្នុងបឹង និងតំបន់ដីសើមជុំវិញ។
ទី៣. ធ្វើឱ្យមានរបរចិញ្ចឹមជីវិតបែបចម្រុះ(ពិពិធកម្មរបរចិញ្ចឹមជីវិត)នៅក្នុងមូលដ្ឋានដូចជាការផ្តល់សេវាទេសចរណ៍ក្រៅពីការធ្វើរបរនេសាទត្រីជាដើម។
ទី៤. ការស្តារឡើងវិញនូវព្រៃលិចទឹក និងតំបន់ដីសើមជុំវិញតំបន់ស្នូលនៃបឹងទន្លេសាប ដើម្បីធ្វើឱ្យបឹងទន្លេសាបកម្ពុជាមានផាសុកភាពឡើងវិញ លើសពីនេះ បឹងទន្លេសាប គឺជាប្រភពប្រូតេអ៊ីន និងផ្តល់នូវសារធាតុចិញ្ចឹមទៅដល់ប្រជាជនកម្ពុជាគ្រប់រូប និងជាផ្នែកមួយដ៏ចម្បងនៃសេដ្ឋកិច្ចជាតិផងដែរ៕