«ប្រទីបក្រសួងបរិស្ថាន» ចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះបរមរាជវាំង នារាជធានីភ្នំពេញ

ថ្ងៃព្រហស្បតិ្ត ទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២៤
Views: 585

ភ្នំពេញ៖ ប្រទីបក្រសួងបរិស្ថាន មានរូបសណ្ឋានទ្រដោយសត្វនាគសេសៈ ឬអនន្តឬវាសុគិ ជាសត្វនាគដែលមានកំណើតពីការផ្គុំធាតុកើតឡើងឯងៗ មានជីវិតអមតៈ ហើយមានកំណើតក្នុងឋានទេវលោក។ នាគគឺជាសត្វដ៏អស្ចារ្យ ជាសត្វអច្ឆរិយៈដ៏មានមហិទ្ធិឬទ្ធិ ទាក់ទងទៅនឹងរឿងព្រេងដែលនិយាយពីដើមកំណើតខ្មែរលើទឹកដីសុវណ្ណភូមិរបស់យើង។ និមិត្តរូបសត្វនាគនៅក្នុងប្រទីបបរិស្ថាន មានសត្វនាគទ្រទឹក ទ្រភពផែនដី ដែលជាប្រភពនៃជីវិតមនុស្ស សត្វ និងរុក្ខជាតិ។

យើងពិនិត្យផ្នែកខាងមុខនៃប្រទីបបរិស្ថាន យើងនឹងឃើញទេសភាពព្រៃភ្នំដ៏ស្រស់ស្អាត មានពណ៌បៃតងស្រងាត់ គឺជាជង្រុកនៃជីវិត និងជាសួតរបស់ពិភពលោក ព្រោះថា បើភពផែនដីយើងមិនមានព្រៃព្រឹក្សា មិនមានរុក្ខជាតិបៃតងទេនោះ ជីវិតលើភពផែនដី ក៏ប្រហែលជាមិនមានវត្តមានផងដែរ។ ដោយសារតែតួនាទីយ៉ាងសំខាន់របស់រុក្ខជាតិបៃតងនេះហើយ ដែលធ្វើឱ្យភពផែនដីយើង មានអុកស៊ីហ្សែនសម្រាប់ភាវរស់ដកដង្ហើម តាមរយៈការធ្វើរស្មីសំយោគ ស្រូបយកឧស្ម័នកាបូនិក រួចបញ្ចេញនូវអុកស៊ីហ្សែនទៅក្នុងបរិយាកាសដែលសត្វលោកទាំងអស់ត្រូវការ។ នៅក្នុងព្រៃព្រឹក្សា យើងសង្កេតឃើញមានវត្តមានដ៏អស្ចារ្យ របស់សត្វព្រៃតូចធំប្រមូលផ្តុំចែកគ្នារស់ទៅតាមសមាអាជីវោរបស់វា មានទាំងសត្វតូច សត្វធំ មានសត្វដំរី ខ្លា ឈ្លូស ប្រើស ក្តាន់... រកចំណី  មានហ្វូងបក្សាបក្សីខ្ញៀវខ្ញារ ស្រែកទ្រហឹងអឺងកង ប្រកូកហៅអ្នកទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាធម្មជាតិ នៅតាមបណ្តាតំបន់អេកូទេសចរណ៍ ដែលកំពុងតែរីកចម្រើន ដុះដាលស្ទើរគ្រប់តំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា។ 


  សូមបញ្ចាក់ថា នៅផ្ទៃកណ្តាល រង្វង់មូលរបស់ប្រទីប មានចារឹកយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដ៏ស្រស់ស្អាត ដែលមានស្នូលយុទ្ធសាស្រ្តចំនួន៣(បី) ក្នុងនោះ រដ្ឋបាល គោលនយោបាយ និងផ្សព្វផ្សាយនៅចំកណ្តាល ជាចលករនៃការអភិវឌ្ឍ បង្វិលកង់ចក្រា ធ្វើឱ្យយុទ្ធសាស្រ្តស្នូលចំនួន៣(បី)ទៀត រួមមាន ស្អាត បៃតង និងចីរភាព ដំណើរការក្នុងគោលដៅ ឆ្លើយតបនឹងនិន្នាការនៃការអភិវឌ្ឍជឿនលឿននៃសង្គមកម្ពុជា។


អនុឡោម ទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា និងការដឹកនាំចង្អុលបង្ហាញ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថាន បានរៀបចំនិងដាក់ចេញឡើងនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណង តម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យ បាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។   


ក្រសួងបរិស្ថាន ក្នុងរយៈពេលជាង១ឆ្នាំមកនេះ បានខិតខំលើកកម្ពស់ប្រសិទ្ធភាពការងារ របស់ខ្លួន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប ប្រើប្រាស់បច្ចេកវិទ្យាថ្មី និងកែលម្អនូវក្របខណ្ឌច្បាប់និងគោលនយោបាយជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពជាដៃគូកាន់តែប្រសើរ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេស វិស័យឯកជន ក្នុងការលើកកម្ពស់គុណភាពបរិស្ថាន អនុលោមភាពទៅតាមក្រមបរិស្ថាន និងលិខិតបទដ្ឋាននានារបស់កម្ពុជា សំដៅរួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ឱ្យទទួលបានភាពស្អាត ភាពបៃតង និងចីរភាព និងដើម្បី ប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យក្លាយទៅជាឧត្តម ប្រយោជន៍បម្រើជូន ប្រជាជនកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើង កិត្យានុភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិ៕



បណ្តាញសង្គម

ព័ត៌មានចុងក្រោយ

Get In Touch

Follow Us